គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ខនហ្វីរេល : គំរូរបស់ឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង សម្រាប់អភិវឌ្ឍជនបទប្រកបដោយចីរភាពនៅកម្ពុជា

កាលបរិច្ឆេទ: ១៥ ធ្នូ ២០២៥ / សុខភាព / Author : ATH Sokren

ជាមួយនឹងទស្សនវិស័យអភិវឌ្ឍជនបទកម្ពុជាដែលមានភាពទំនើប និងប្រពៃណីប្រសព្វចូលគ្នាបាន​ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានរម្លឹកនៅក្នុងបទសម្ភាសន៍ជា​មួយ​ទូរទស្សន៍បាយ័ន (BTV) កាលពីចុងខែវិច្ឆិកាថា ក្រុមហ៊ុនខនហ្វីរេលត្រូវបានបង្កើតឡើងក្នុងគោលបំណងដ៏សាមញ្ញ និងរឹងមាំមួយ នោះគឺដើម្បី​លើកតម្លៃធនធានធម្មជាតិនៅក្នុងស្រុក ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់កសិករក្នុង​ទី​ជន​បទ។ ចាប់កំណើតនៅឆ្នាំ២០០១ ខនហ្វីរេលជាក្រុមហ៊ុនដំបូងគេបង្អស់ដែលបានត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងសមភាព ជាពិសេសជាមួយនឹងផលិតផលស្ករត្នោតម៉ាក Thnot និងម្រេចកំពត។

 នៅក្នុងបទសម្ភាសន៍ដដែល លោកក៏បានពន្យល់ផងដែរថា ជាបឋមក្រុមហ៊ុនខនហ្វីរេលកើតចេញពី «គំនិតចង់បង្កើតផលិតផលក្នុងស្រុក ដោយគោរពប្រពៃណីខ្មែរផង និងចង់ជួយសហគមន៍យើងក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ផង»។ បើតាមការយល់ឃើញរបស់លោក ចំណុចខ្លាំងនៃគំរូអភិវឌ្ឍន៍នេះនៅត្រង់មានការចូលរួមផ្ទាល់ពីអ្នកផលិតៈ ពេលណាពួកគេធ្វើការរួមគ្នាជាសហគមន៍ ដែលជាទម្លាប់ប្រពៃណីពីដូនតាយើង នោះពួកគេនឹងទទួលបានការគាំទ្រផង និងទទួលបានផលប៉ះពាល់ជាវិជ្ជមានពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផង។

 ស្ថាបនិកក្រុមហ៊ុនខនហ្វីរេលសង្កត់ធ្ងន់ទៅលើតម្លាភាពនៃខ្សែសង្វាក់តម្លៃដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនុកចិត្តដល់កសិករ។ ក្រុមហ៊ុនខនហ្វីរេលពន្យល់យ៉ាងច្បាស់ៗពីចំណែកដែលអ្នកផលិត និងស្ថាប័នផ្សេងៗទៀតទទួលបាន ដើម្បីឱ្យម្នាក់ៗបានដឹងថាតើការវិនិយោគរបស់គេនឹងទៅជាយ៉ាងណា ដែលជាលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពពិតប្រាកដ។ កិច្ចសន្យានេះគឺជាផ្នែកមួយនៃនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនៈ ប្រាក់ចំណេញមួយចំណែកត្រូវបានបរិច្ចាកទៅកម្មវិធីសង្គម និងបណ្តុះបណ្តាល ដែលធ្វើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកទទួលស្គាល់ក្រុមហ៊ុនខនហ្វីរេលថាជាក្រុមហ៊ុនគំរូ។

 សម្រាប់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បេតិកភណ្ឌជាតិមិនអាចកាត់ផ្តាច់ចេញពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនខនហ្វីរេលបានទេៈ អតីតកាលមិនគួរជាបន្ទុកទេ ប៉ុន្តែជាកម្លាំងរុញច្រានសម្រាប់អនាគត។ លោកបានលើកជាឧទាហរណ៍ពី «ភីហ្សារសជាតិប្រហុក» ដែលជាសក្ខីភាពបង្ហាញពីភាពច្នៃប្រឌិតក្នុងការប្រើគ្រឿងផ្សំដ៏ល្បីល្បាញនៃម្ហូបខ្មែរដោយមិនបដិសេធឫសគល់របស់វា ដើម្បីបង្ហាញថាគ្រឿងផ្សំដែលជាអត្តសញ្ញាណម្ហូបខ្មែរអាចជំរុញឱ្យមានការច្នៃប្រឌិត និងការនាំចេញ។ ការលើកតម្លៃស្ករត្នោតម៉ាកThnot និងម្រេចកំពតឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈក្នុងការ «អភិរក្សរសជាតិខ្មែរពិតៗ» របស់ផលិតផលខ្មែរនៅលើទីផ្សារអន្តរជាតិ។

 ឆ្លើយតបទៅនឹងសំណួរទាក់ទិននឹងបញ្ហាប្រឈមនានា លោកឧកញ៉ាឱសថបណ្ឌិតបានលើកឡើងថា ភាពអំណត់អត់ធន់គឺជាគុណតម្លៃចាំបាច់ដែលមិនអាចខ្វះបានរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនខនហ្វីរេលធ្លាប់ឆ្លងកាត់កាលៈទេសៈដ៏លំបាក ប៉ុន្តែបានសម្រេចចិត្តជ្រើសរើសយកសាមគ្គីភាពៈ គោលការណ៍ទិញដែលមានការធានា គាំទ្រគ្រួសារនៅតាមជនបទ ជួយដល់កសិករដែលងាយរងគ្រោះបំផុត។ គំនិតផ្ដួចផ្ដើមទាំងអស់នេះឆ្លុះបញ្ចាំងពីចក្ខុវិស័យនៃទំនួលខុសត្រូវសង្គមដែលផ្តោតលើផលប្រយោជន៍រួម។ បើតាមលោកឧកញ៉ាឱសថបណ្ឌិត ផលិតផលរបស់ក្រុមហ៊ុនឥឡូវនេះមានវត្តមាននៅទ្វីបអាហ្វ្រិក និងអឺរ៉ុប ដែលជាភស្តុតាងបង្ហាញថា គុណភាព និងអត្តសញ្ញាណខ្មែរអាចទាក់ទាញចំណាប់អារម្មណ៍ហួសពីព្រំដែនកម្ពុជាទៅទៀត។

 ចុងបញ្ចប់នៃកិច្ចសម្ភាសន៍ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានបង្ហាញជាគំរូពីក្រុមហ៊ុនខនហ្វីរេលសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលផ្អែកលើឫសគល់ក្នុងស្រុកដ៏រឹងមាំ និងក្រមសីលធម៌ដ៏តឹងរឹង។ គោលបំណងរបស់ក្រុមហ៊ុនគឺច្បាស់លាស់ៈ ជួយឱ្យកសិករខ្មែរ និងក្រុមគ្រួសាររបស់ពួកគេរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរដែលបានមកពីផ្លែផ្កានៃកម្លាំងពលកម្មរបស់ពួកគេ និងដោយមានមោទកភាព និងសេចក្តីប្រាថ្នាធំៗ។ នៅក្នុងប្រទេសមួយដែលជនបទនៅតែជាបេះដូងនៃសេដ្ឋកិច្ចជាតិ ក្រុមហ៊ុនខនហ្វីរេលចង់បង្ហាញថា យើងអាចផ្សារភ្ជាប់រវាងទំនួលខុសត្រូវសង្គមទៅនឹងភាពច្នៃប្រឌិត និងអត្តសញ្ញាណជាតិបានក្នុងការបម្រើប្រទេសនៅថ្ងៃនេះ និងថ្ងៃស្អែក៕